ផ្សាយពាណិជ្ជកម្ម 086 272 373/ 097 727 2373

Top News

ក្រោយព្យាយាមប្រយុទ្ធនឹងភ្លើងឆេះព្រៃ ពេលនេះអូស្រ្តាលី ត្រូវប្រឈមនឹងគ្រោះទឹកជំនន់ម្ដង

 


ការព្រមានអំពីទឹកជំនន់ បានចេញកាលពីថ្ងៃពុធ សប្ដាហ៍នេះ នៅក្នុងតំបន់ Gippsland របស់រដ្ឋ Victoria ភាគខាងត្បូងប្រទេសអូស្ត្រាលី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ខណៈកាលពី ២ថ្ងៃមុននេះ ប្រទេសអូស្រ្តាលីកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋ New South Wales (NSW) និងនៅតំបន់ Gippsland នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Norman Albanese បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គម X. ថា «រដ្ឋាភិបាលកំពុងជួយដល់អាជ្ញាធរ ខណៈពួកគេធ្វើការជាមួយអ្នកពន្លត់អគ្គីភ័យដែលកំពុងប្រយុទ្ធនឹងអគ្គីភ័យ»។ លោកបន្ថែមថា «នេះនឹងក្លាយជាពេលវេលាដ៏លំបាកមួយសម្រាប់គ្រួសារ និងសហគមន៍របស់យើង»។

លោក Albanese ក៏បានធ្វើដំណើរទៅរដ្ឋ New South Wales រួមជាមួយនឹងនាយករដ្ឋមន្ត្រីទី៤៧ របស់រដ្ឋ (NSW) លោក Chris Minns ដើម្បីទៅមើលហេតុការណ៍ឆេះព្រៃ និងបានឃើញការបំផ្លិចបំផ្លាញផ្ទះប្រជាជន។

សារព័ត៌មាន ABC News ដែលមានមូលដ្ឋាននៅទីក្រុង Canberra បានរាយការណ៍ថា មុនពេលព្រឹកនៅថ្ងៃអង្គារ នេះ អ្នកស្រុកត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយការផ្គត់ផ្គង់អគ្គិសនីត្រូវបានបញ្ឈប់សម្រាប់ផ្ទះជាង ២,០០០ខ្នង នៅក្នុងទីក្រុង Loch Sport ដែលមានទីតាំងនៅភាគខាងកើតនៃរដ្ឋ Victoria។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយពីសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Victoria អ្នកស្រុកនៅក្នុងតំបន់ត្រូវបានគេព្រមានថា «សូមកុំព្យាយាមបើកបរឆ្លងកាត់ទឹកជំនន់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ និងបានចេញសារព្រមានឱ្យប្រជាជនជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព ឬ ស្ថិតនៅឱ្យឆ្ងាយពីតំបន់មានហានិភ័យខ្ពស់»។

សូមជម្រាបថា គ្រោះទឹកជំនន់នៅពេលនេះកើតមានឡើង តែជាង២ថ្ងៃប៉ុណ្ណោះ ក្រោយក្រុមអ្នកពន្លត់អគ្គិភ័យបានតស៊ូប្រយុទ្ធជាមួយអណា្តតភ្លើងឆេះព្រៃលើផ្ទៃដីរាប់ពាន់ ហិកតា ក្នុងតំបន់ Gippsland រដ្ឋVictoria របស់ប្រទេសអូស្រ្តាលី៕

ប្រភព៖ Anadolu 



Post a Comment

Previous Post Next Post